គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ Thnot d’Or ២០២៣ : ក្រុមនិស្សិតមកពី URA ជាម្ចាស់ជ័យលាភីលេខ១

កាលបរិច្ឆេទ: ០៥ កក្កដា ២០២៣ / កសិកម្ម

គ្រាន់តែឮគណៈរៀបចំ​ការប្រកួត​ប្រកាសចំឈ្មោះក្រុមរបស់ខ្លួនថា ជាអ្នកទទួលបានជ័យជម្នះ​ក្នុងការប្រកួតដណ្តើមពានរង្វាន់ Thnot d’Or និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម(URA)មានចិត្តរំភើបសប្បាយឡើងស្រក់ទឹកភ្នែកកាលពីថ្ងៃទី១៧ មិថុនា។ និស្សិតនៅក្នុងក្រុមនេះមានដូចជា លី ស្រីសាន លាង សូនីតា អង់​ សុវណ្ណលាប និង យូ ទួនអង្គារដារិទ្ធ។ ក្រុមនេះទទួលបានជ័យលាភីលេខ១ សម្រាប់គម្រោងផលិតត្រីប្រហុកក្រោមរូបភាពជាដុំតូចៗដូចស៊ុបដុំខ្នរ ជាប្រហុកសុទ្ធ និងប្រហុកលាយគ្រឿង ដោយឆ្លើយតបទៅនឹងប្រធានបទ៖ «ការ​បង្កើន​គុណតម្លៃបន្ថែម​នៃ​ប្រហុក​ ជា​ពិសេស​គឺដើម្បីធ្វើ​ឱ្យ​ផលិត​ផល​ប្រហុក​ក្លាយ​ទៅ​ជា​ផលិតផលនាំចេញ»។
ត្រីប្រហុកជាផលិតផលដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងការចម្អិនម្ហូបខ្មែរ ប៉ុន្តែរសជាតិ និងក្លិនរបស់ត្រីប្រហុកមិនបានធ្វើឲ្យជនបរទេសចូលចិត្តឡើយ។ ដូច្នេះហើយបានជាក្រុមនិស្សិតមកពី URA ក៏ដូចជាក្រុមនិស្សិតផ្សេងទៀតនៅវគ្គផ្តាច់ព្រ័ត្រ បានខិតខំស្រាវជ្រាវកែច្នៃធ្វើយ៉ាងណាឲ្យត្រីប្រហុកក្លាយជាផលិតផលដែលអណ្តាត និងច្រមុះរបស់ជនជាតិបរទេសអាចទទួលយកបាន ជាមួយនឹងការវេចខ្ចប់ប្រកបដោយបច្ចេកទេសខ្ពស់ ងាយស្រួលក្នុងការប្រើប្រាស់ និងរក្សាទុក។

ចំណែកឯជ័យលាភីទី២ និងទី៣បានទៅលើនិស្សិតពីរក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់គម្រោងបម្លែងត្រីប្រហុកទៅជាម្សៅប្រហុក និងគម្រោងមួយទៀតគឺបម្លែងជាសាច់ប្រហុកកិនម៉ត់សើមប៉ិៗ ជាទឹកជ្រលក់ និងគ្រឿងការី។

ពានរង្វាន់ទាំងបី(ដែលមានទឹកប្រាក់១០០០ដុល្លារ ៥០០ដុល្លារ និង២៥០ដុល្លារ)ត្រូវបានប្រគល់ឲ្យក្រុមនិស្សិតទាំងនេះក្នុងពិធីប្រគល់ពានរង្វាន់ក្រោមអធិបតីភាពរបស់ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ជាប្រធាន និងជាស្ថាបនិកមូលនិធិគីណាល់ដែលជាអ្នកបង្កើតពានរង្វាន់នេះឡើង ក្នុងគោលបំណង ជំរុញលើកទឹកចិត្តនិស្សិតផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារនៅកម្ពុជាឲ្យចូលរួមធ្វើការងារស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។

មុននឹងប្រកាសឈ្មោះម្ចាស់ជ័យលាភី លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ៖ «ការបង្កើតពានរង្វាន់នេះឡើងនៅឆ្នាំ២០១៧ដោយមូលនិធិគីណាល់ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹម គឺក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវនិស្សិតផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារឲ្យធ្វើការងារស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិត ដើម្បីចូលរួមអភិវឌ្ឍជនបទ តាមរយៈការផ្តល់ដល់អ្នកប្រើប្រាស់នូវផលិតផលខ្មែរសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ និងដែលអាចឈរជើងនៅលើទីផ្សារអន្តរជាតិបាន។

ដូនតាយើងបានបន្សល់ទុកឲ្យយើងនូវវិធីធ្វើម្ហូបបែបប្រពៃណីដែលយើងបរិភោគលើតុបាយប្រចាំថ្ងៃ។ មានតែការងារស្រាវជ្រាវ និងគំនិតច្នៃប្រឌិតថ្មីៗទេដែលអាចធ្វើឲ្យប្រហុកក្លាយជាមុខម្ហូបដែលគេបរិភោគនៅលើសកលលោកបានទៅថ្ងៃអនាគត។ បើនិយាយទៅ ការផ្សារភ្ជាប់ចំណេះធ្វើបែបប្រពៃណីបុរាណទៅនឹងគំនិតច្នៃប្រឌិតមិនមែនត្រឹមតែជារឿងសេដ្ឋកិច្ចតែម្យ៉ាងប៉ុណ្ណោះទេ តែក៏ជាការអភិរក្សវប្បធម៌ខ្មែរផងដែរ។»

សមាសភាពគណៈមេប្រយោគឆ្នាំនេះរួមមាន លោកហ្វីលីព ម៉ូណាំង អគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូមេមត់(Memot Rubber Plantation) និងជាប្រធានគណៈមេប្រយោគ លោកសុខ សារ៉ង មកពីស្ថាប័នចេញវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ(Ecocert) លោកហៃ ពិសី អគ្គនាយកក្រុមហ៊ុន Mitapheap Freight and Logistic លោកបណ្ឌិតអៃ សុងហ៊ាង នាយក SEAMEO TEC នៃក្រសួងអប់រំ យុវជន និងកីឡា លោកឡៅ រាសី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតប៊ុនតុង បូរ៉ារីន ប្រធានផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

នៅក្នុងឱកាសនោះដែរ លោកហ្វីលីព ម៉ូណាំង បានកត់សម្គាល់ថា៖ «ពានរង្វាន់ Thnot d’Or ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញឲ្យនិស្សិតខ្មែរចូលរួមអភិវឌ្ឍវិស័យ​កសិកម្ម និងកសិ-ចំណីអាហារនៅកម្ពុជា។ គឺជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងពេលកំពុងសិក្សាដើម្បីចូលរួមប្រលូកក្នុងវិស័យសេដ្ឋកិច្ច និងបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងទិសដៅចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។

ទន្ទឹមគ្នានេះដែរ វាក៏ជាឱកាសមួយសម្រាប់ក្រុមហ៊ុនសហគ្រាសផ្នែកកសិ-ចំណីអាហារ ក្នុងការស្វែងយល់ពីទេពកោសល្យ គំនិតច្នៃប្រឌិតថ្មីៗដែលអាចចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត»។

ឯកឧត្តមរដ្ឋលេខាធិការសេន សុវណ្ណ មានប្រសាសន៍ប្រាប់ឲ្យដឹងថា ឯកឧត្តមពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការរៀបចំឲ្យមានការប្រលងប្រជែងនេះ ព្រោះថាពានរង្វាន់ Thnot d’Or ស្របទៅនឹងគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ខ្ញុំសង្ឃឹមថា មូលនិធិគីណាល់នឹងបន្តរៀបចំការប្រកួតប្រជែងនេះតទៅទៀត ដើម្បីបំពេញកង្វះខាតផ្នែកស្រាវជ្រាវ និងផ្នែកកែច្នៃផលិតផលកសិកម្មរបស់យើង»។